ខេត្តសៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២០ លោកវណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប និងព្រះមេគណខេត្តទាំងពីរគណៈ បានបើកអង្គប្រជុំមួយនៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងការបន្តកៀរគររកមូលនិធិដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ និងផ្សព្វផ្សាយលិខិត០៩៧.សខល ស្តីពីការជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការពាររលកទីពីរនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ប្រធានមន្ទីរក៏បានជំរុញដល់ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក ក្នុងខេត្តសៀមរាប ឲ្យធ្វើការផ្សព្វផ្សាយទៅដល់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តគ្រប់វត្តអារាម និងពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យធ្វើអនាម័យជាប្រចាំដូចជាលាងដៃនឹងសាប៊ូ អាកុល ឬជេល និងត្រូវពាក់ម៉ាស់ ពេលទៅទីប្រជុំជនដែលមានមនុស្សច្រើនកុះករ ដើម្បីការពាររលកទីពីរនៃការចម្លងជំងឺកូវីដ-១៩៕