ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសយកឆ្នាំ២០២០ដើម្បីរឹត​បណ្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក ទន្ទឹមនឹងនេះក៏មានប្រជាពលរដ្ឋភាគ​ច្រើនបានចូលរួមគាំទ្រអនុវត្តបានយ៉ាងល្អប្រសើរ ដោយឡែកក៏មាន​បុគ្គលមួយចំនួនឆ្លៀតយកឱកាសនេះកេងចំណេញនយោបាយធ្វើការរិះគន់ និងលើកឡើងមិនបានគិតដល់ផលប្រយោជន៍ជាតិ សុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយសុខដុមរមនា។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា គោលជំហរក្នុងការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោកនៅតែបន្តធ្វើដោយពុំមានការបន្ធូបន្ថយនោះឡើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺមានប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមគោរពច្បាប់បានយ៉ាងល្អខ្ជាប់ខ្ជួន គឺជាគោលការណ៍ និងគោលបំណងតែមួយគត់ដែលរាជរដ្ឋាភិបាល​កំពុងយកចិត្តទុកដាក់ និងចង់់បាន ប៉ុន្តែក្នុងនេះផងដែរ ក៏មានបុគ្គលនយោបាយមួយចំនួនមិនបានតាំងចិត្តចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បែរជាយកបញ្ហាការរឹតបណ្តឹង​ច្បាប់ចរាចរណ៍ ធ្វើការប្រៀបធៀបជាមួយផលប៉ះពាល់​នៃបញ្ហាការរាតត្បាតជំងឺកូវីដ១៩ទៅវិញ ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ខុស ដើម្បីជឿលើទស្សនៈរបស់ខ្លួន។

ប្រសាសន៍របស់សម្តេច “យើងបានប្រកាសថា ឆ្នាំ២០២០ជាឆ្នាំរឹតបណ្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលមុនយើងរឹតបណ្តឹងនេះ យើងក៏បានធ្វើកិច្ចការងារជាច្រើន ជាពិសេសទាក់ទងនឹងការអប់រំផ្សព្វផ្សាយ យើងធ្វើច្រើនណាស់ ក៏ប៉ុន្តែដល់ពេលដែលយើងកំណត់ធ្វើ មានអ្នកមួយចំនួនគាត់ថាឆាប់ពេក អត់បានអប់រំ អត់បានផ្សព្វផ្សាយ ការពិតមិនមែនទេ ប្រហែលជាគាត់មិន​បានតាមដាន មិនបានស្តាប់ មិនបានយកចិត្តទុកដាក់ បំណងតែមួយគត់​យើងធ្វើ គឺមិនមែនធ្វើបាបប្រជាពលរដ្ឋទេ” ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះការរឹតបណ្តឹង​ចរាចរណ៍នេះដែរ បើប្រជាពលរដ្ឋចូលរួមគោរពច្បាប់​ចរារចណ៍បានត្រឹម​ត្រូវ គឺមិនមានពលរដ្ឋណាមួយត្រូវខាត់បងនោះទេ ប៉ុន្តែបើប្រជា​ពលរដ្ឋនោះមិនបានគោរពច្បាប់បានត្រឹមត្រូវនោះទេ នឹងត្រូវខាត​បង់ទាំងថវិការ និងគ្រោះថ្នាក់ផ្សេងៗ ហើយអាចឈាន​ដល់បាត់បង​ជីវឹតផងដែរ។ ប្រសាសន៍របស់សម្តេច “បើពួកគាត់គោរពច្បាប់​មានអស់លុយឯណា ប៉ុន្តែបើពួកគាត់មិនគោរពច្បាប់ មិនពាក់​មួកអាហ្នឹងអស់លុយហើយ ហើយយើងសុំតែប៉ុណ្ណឹងតើ ពាក់មួកដើម្បីជីវិតរបស់ពួកគាត់តើ” ។
សម្តេចបានបន្តថា បញ្ហាដែលសំខាន់ខ្លាំងបំផុតនោះ គឺស្ថិតនៅលើ​មន្រ្តីអនុវត្តច្បាប់ដែលត្រូវតែប្រកាន់ខ្ជាប់នូវសីលធម៌ វីជ្ជាជីវៈ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយអនុវត្តឲ្យបានតាម​គោលការណ៍ច្បាប់ និងតាមការណែនាំនានារបស់រាជរដ្ឋាភិបាល​ឲ្យបានត្រឹមត្រូវ។ បន្ថែមលើសពីនេះទៀត សម្តេចក្រឡាហោម បានលើកឡើងថា គិតតាំងពីការផ្តើមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវ​គោករហូតមកដល់ពេលនេះ បើប្រៀបធៀបរយៈពេលដូចគ្នា ពីខែមេសា ដល់ខែឧសភា គឺអត្រាអ្នកស្លាប់ថយចុះចំនួន១៥នាក់ និងអ្នករងរបួស៨០នាក់៕