ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីប្រតិភូអមគណៈអធិបតីខេត្តថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងទាំងបី មន្រ្តីនៃរចនាសម្ព័ន្ធរដ្ឋបាលស្រុកចំនួន២២៦នាក់ នារី ៥០នាក់។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម បានកោតសរសើរដល់ការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ និងមន្រ្តី នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដែលបានបំពេញការងារបានល្អប្រសើរកន្លងមក ហើយជម្រុញឱ្យបន្តពង្រឹងកិច្ចការងារបន្ថែមទៀត ពិសេសគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំង ស្នើឱ្យរដ្ឋបាលស្រុកផ្សេងដែលមិនទាន់មានភាពល្អប្រសើរ គួរមកសិក្សារៀនសូត្របន្ថែមជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង ដែលមានបទពិសោធន៍ល្អ។រីឯមន្រ្តីដែលបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយទាំងអស់ ត្រូវតែអនុវត្តតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ ពិសេសការងារនិត្យានុកូលកម្ម និងការងារផ្សេងៗទៀត ព្រមទាំងពង្រឹងសមត្ថភាពបន្ថែម កិច្ចការងារត្រូវតែធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យបានត្រឹមត្រូវ និងមិនពុករលួយជាដាច់ខាត ត្រូវប្រកាន់នូវអង្គអភិបាលកិច្ចល្អជាស្នូល។

មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ បាននឹងកំពុងកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថ ទាំងបួន របស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។

នាពិធីនេះដែរ ឯកឧត្តម បាននាំយកថវិកា និងសម្ភារមួយចំនួនចែកជូនដល់សមាជិក សមាជិកា នៃអង្គពិធីដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល សារ៉ុងមួយ ម៉ាស មួយប្រអប់ ជែលលាងដៃមួយដប ព្រមទាំងបានឧបត្ថម្ភ ដល់បងប្អូន ក្មួយៗជាកម្មករសំណង់ដែលកំពុងធ្វើការងារសាងសង់អគាររដ្ឋបាលស្រុកថ្មីចំនួន២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕