រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីការគ្រប់គ្រងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, September 9, 2020

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីការគ្រប់គ្រងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីការគ្រប់គ្រងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពក្នុងខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២០ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដែលប្រព្រឹត្តទៅនៅអគារប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកសាងផែនការអភិវឌ្ឍទៅលើវិស័យណាមួយឲ្យដំណើរការប្រព្រឹត្តទៅបានយ៉ាងរលូន និងស្វែងរកជំនួយឧបត្ថម្ភ ជាថវិកា និងសម្ភារពីដៃគូជាតិ និងអន្តរជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកការពារធនធានជាតិសម្រាប់មនុស្សជាតិជាសកល។

លោក អភិបាលរងខេត្ត ក៏បានស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្តល់លិខិតស្នើសុំបើកទីតាំងស្នាក់ការច្បាស់លាស់មករដ្ឋបាលខេត្ត និង សមាគម អង្គការណាដែលមិនទាន់មានលិខិតអនុញ្ញាតត្រូវធ្វើលិខិតស្នើសុំអនុញ្ញាតឲ្យបានត្រឹមត្រូវ ដើម្បីរដ្ឋបាលខេត្តធ្វើបច្ចប្បន្នភាព និង បង្កភាពងាយស្រួលក្នុងការពង្រឹងទំនាក់ទំនងការងារក្នុងភាពជាដៃគូ ត្រូវផ្តល់របាយការណ៍មករដ្ឋបាលខេត្ត ប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំឲ្យបានទៀតទាត់ និង ត្រូវចូលរួមកិច្ចប្រជុំនានាតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត។

លោក ញ៉ន សិទ្ធ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ជួយគាំទ្រផែនការសកម្មភាពនិង ផ្តល់យោបល់ ក្នុងការជួយប្រជាពលរដ្ឋ និង ចូលរួមទប់ស្កាត់ ការពារអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស។

លោក ឡុង សុធី ប្រធានការិយាល័យអន្តរវិស័យ នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា រដ្ឋបាលខេត្ត បានចុះបញ្ជីឈ្មោះសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាព ក្នុងខេត្ត បានចំនួន ២៤ ក្នុងនោះ សមាគម និង អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន ១៤ និង អន្តរជាតិចំនួន ១០។ លោក បានបន្ថែមថា សកម្មភាពដែលសមាគម និង អង្គការមិនមែនរដ្ឋាភិបាល បានធ្វើសកម្មភាពជាក់ស្ដែងមានចំនួន ០៧ ដែលជួយលើវិស័យសិទ្ធិមនុស្ស សិទ្ធិដីធ្លី  វិស័យសុខាភិបាល វិស័យអភិរក្សជីវៈចម្រុះ និង ទេសចរណ៍ វិស័យកសិកម្ម ដាំបន្លែ ចិញ្ចឹមសត្វ វិស័យអប់រំ និងវប្បធម៌ វិស័យជនមានពិការភាព និងលើវិស័យទឹកស្អាត៕




No comments:

Post a Comment

Pages