ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្ត មានរៀបចំសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការគ្រប់គ្រង និងការការពារសត្វផ្សោតទន្លេមេគង្គ ក្រោមអធីបតីភាពឯកឧត្តម ស្រ៊ុន លឹមសុង អគ្គលេខាធិការរង នៃរដ្ឋបាលជលផល ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា រួមនិងអង្គការដៃគូរពាក់ព័ន្ធ និងយុវជន ដើម្បីរួមគ្នាដោះស្រាយ និងផ្សព្វផ្សាយអំពីលទ្ធផល ក៏ដូចជាបញ្ហាប្រឈមរបស់សត្វផ្សោយដែលរស់នៅទន្លេមេគង្គ។


តាមលទ្ធផលបញ្ជាក់ដោយលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានឲ្យដឹងថា ៖ លទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០១៧ យើងមានផ្សោតប្រមាណ ៩២ក្បាល ចំនួននេះគឺមានការកើនឡើង១៥% លើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ នៃការអភិរក្សបើធៀបនឹងតួលេខជំរឿនក្នុងឆ្នាំ២០១៥ ដែលមានត្រឹម៨០ក្បាលប៉ុណ្ណោះ លទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០២០ ដែលទើបតែបានផ្សព្វផ្សាយជាផ្លូវការដោយរដ្ឋបាលជលផលថ្នាក់ជាតិ នៅសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា ចំនួនសត្វផ្សោតសរុបរបស់យើងក្នុងឆ្នាំ២០២០នេះ មានប្រហាក់ប្រហែលគ្នាទៅនឹងចំនួនសត្វផ្សោតដែលមាននៅក្នុងឆ្នាំ២០១៧ដែរ គឺចំនួនរបស់វាមានប្រហែល៨៩ក្បាល។ 


លទ្ធផលជំរឿនផ្សោតក្នុងឆ្នាំ២០២០នេះបញ្ជាក់ថាសត្វផ្សោតយើងមានចំនួនថេរក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ចំនួនថេរនេះគឺជាសញ្ញាវិជ្ជមានមានន័យថាអត្រាថយចុះរបស់ផ្សោតចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងស្ថានភាពមួយដែលយើងអាចគ្រប់គ្រងបានតាមការវិភាគអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ២.១២% ក្នុងរយៈពេល៣ឆ្នាំកន្លងមកហើយ អត្រាកូនផ្សោតរស់ដល់វ័យបន្តពូជមានរហូតដល់៤.២២% ដែលជាអត្រាមួយខ្ពស់ល្អមិនធ្លាប់មានពីមុន បើធៀបក្នុងចន្លោះឆ្នាំ២០០៧ដល់២០១៣ អត្រាកូនផ្សោតរស់ដល់វ័យបន្តពូជមានត្រឹមតែ ០,០០៣%ប៉ុណ្ណោះ។ 


តែទោះជាយ៉ាងណាចំនួនសត្វផ្សោតដែលរស់នៅសេសសល់តិចជាង១០០ក្បាល នេះគឺស្ថិតនៅជាការព្រួយបារម្ភសម្រាប់អ្នកជំនាញ និងអ្នកអភិរក្ស ជាងនេះទៅទៀតការមិនបានអង្កេតឃើញវត្តមានផ្សោតចំនួន២៥ក្បាលក្នុងឆ្នាំ២០២០ តែបានកត់ត្រាក្នុងឆ្នាំ២០១៧នៅក្នុងអន្លង់ទាំង៦ ដែលពួកវាធ្លាប់រស់នៅ គឺជាការបារម្ភថ្មីមួយទៀតពីមូលហេតុនៃការ ធ្វើបម្លាស់ទីរបស់ពួកវា តាមលទ្ធផលនៃការសិក្សាឆ្នាំ២០២០ នេះ សត្វផ្សោតដែលរស់នៅក្នុងអន្លង់តែ៣សំខាន់ៗប៉ុណ្ណោះ រួមមាន ៖ អន្លង់កាំពី អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល ។ លោកបន្តទៀតថា ៖ បញ្ហាប្រឈមមួយចំនួនចំពោះសត្វផ្សោត គឺនៅតែបន្តមាននៅឡើយរួមមាន ៖ ការដាក់មួយខុសច្បាប់ ការប្រើប្រាស់ឧបករណ៍ឆក់ ការបំពុល ការនេសាទហួសកំរិត ការប្រែប្រួលលំហូរទឹក ការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេ នឹងការប្រែប្រួលអាកាសធាតុជាដើម។


ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គលេខាធិការរង នៃរដ្ឋបាលជលផល បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះស្ទឹងត្រែងនិងអាជ្ញាធរដែនដីក្នុងខេត្តទាំងពីរកម្ពស់កិច្ចសហការល្អប្រសើរជាមួយអង្គការ wwf និងអង្គការដៃគូពាក់ព័ន្ធក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គយើងនេះឲ្យបានគង់វង្ស។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាពិភាក្សា បង្កើតដំណោះស្រាយ ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ នឹងអាចឱ្យក្មួយសិស្សានុសិស្សទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍នានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការពាក្យធនធានវារីសត្វ និងជីវចម្រុះជលផល ពិសេសសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិជាតិ មានជីវិតដ៏ពិសិដ្ឋនៅប្រទេសកម្ពុជា ហើយតាមរយៈសិក្ខាសាលានៅពេលនេះ នឹងទទួលបាននូវចំណេះដឹងទូលំទូលាយបន្ថែមរបស់តំណាងស្ថាប័នពាក់ព័ន្ធ ពីសារៈសំខាន់នៃការការពារ និងគ្រប់គ្រងសត្វផ្សោតរួមទាំងជីវចម្រុះ ពិសេសចំនួនប្រមាណសត្វផ្សោតក្នុងឆ្នាំ២០២០-អនុសាសន៍និងយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតដែលជួយដល់ការអនុវត្តសកម្មភាពអភិរក្សនៅពេលបច្ចុប្បន្ន-ការបន្តផ្សព្វផ្សាយរបស់ក្រុមយុវជនអំពីសារៈសំខាន់នៃការការពារសត្វផ្សោតជីវចំរុះជលផលទន្លេមេគង្គ និងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ៕