ខេត្តកណ្តាល ៖ ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ពិសេសចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈ ដើម្បីចូលរួមយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។


មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម នូវប៉េង ច័ន្ទតារា ជួសមុខអោយឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ  ពិសេសក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានការលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។


សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ រួមមាន៖

- លោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង ឧបត្ថម្ភអង្ករ ចំនួន ១០តោន និងថវិកាមួយចំនួន។ 

- លោកស្រី កា ធារិទ្ធ នាយិកាសាលបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ បានឧបត្ថម្ភម៉ស៊ីនបាញ់អាល់កុល Auto  ចំនួន២គ្រឿង៕