ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាដុនបូស្កូខេត្តកែប ជំនាន់ទី៨ ឆ្នាំសិក្សា ២០១៨-២០២០ ចំនួន ១៩៧នាក់ ស្រី ៨៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ តាមរយៈរបាយការណ៍របស់លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលដល់និស្សិតបានបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន ០៧វគ្គរួចមកហើយ មានចំនួន ៨៤៤នាក់ ស្រី ៤១៧នាក់ ។ បច្ចុប្បន្នក៏មានសិស្ស និស្សិតដែលកំពុងសិក្សាចំនួន ៣៥៦នាក់ ស្រី ១៧៨នាក់ កំពុងបន្តសិក្សាតាមជំនាញផ្សេងៗ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានណែនាំដល់ក្មួយៗដែលជានិស្សិតដែលបានបញ្ចប់ការសិក្សា និងត្រូវចេញធ្វើការតាមបណ្តាក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងវិស័យឯកជនផ្សេងៗត្រូវខិតខំធ្វើការប្រកបដោយភាពស្មោះត្រង់ ធ្វើជាមនុស្សល្អក្នុងសង្គម ចៀសវាងប្រព្រឹត្តិនៅអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀនមិនត្រូវពាក់ព័ន្ធឡើយ មិនថាប្រើប្រាស់ ឬក៏ជួញដូរ ដើម្បីអនាគតខ្លួនឯង និងគ្រួសារទាំងមូល៕
No comments:
Post a Comment