ខេត្តកោះកុង៖ ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុងមាឃបូជា ឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ។


យោងតាម​ឯកសារ ដែលមាន​នៅក្នុង​ព្រះ​រាជពិធី​ទ្វាទសមាស បាន​បញ្ជាក់​ថា ​ប្រភព​នៃ​បុណ្យ មាឃបូជា គឺ​បុណ្យ​មួយ​ដែល​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ពុទ្ធសាសនា​ដោយមាន​អត្ថន័យ​២​យ៉ាង​គឺ៖


ប្រភព​ទី​១៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​១២៥០​អង្គ​ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ក្នុង​ឆ្នាំរកា​មុន​ពុទ្ធសករាជ​៤៤​ឆ្នាំ ​ដែលជា​ថ្ងៃ​នក្ខត្ត​ឬ​ក្សធំ​មួយ របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​នៃ​យើង ដែល​សន្និបាត​បែបនេះ​មានតែ​ម្តង​គត់​នា​សម័យ​ពុទ្ធកាល​។​


​ប្រភព​ទី​២៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះ​មុខ​មារ ប្រព្រឹត្តទៅ​នា​ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អភិលក្ខិតកាល​ដ៏​ធំ​មួយទៀត នៅមុន​ពុទ្ធសករាជ​៣​ខែ សម័យ​នោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រជុំ​សាវក​ហើយ​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​។​


​សម្រាប់​ពុទ្ធសាសនិក​កម្ពុជា​យើង ក៏បាន​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា​ដូច​ប្រទេស​កាន់​ព្រះពុទ្ធ​ដទៃទៀត​ដែរ ពោលគឺ​ចាប់តាំងពី​រជ្ជកាល ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ មុនី​វង្ស មក​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃពេញបូណ៌មី ខែមាឃ ជា​ថ្ងៃបុណ្យ​សម្រាប់​ជាតិ​ហៅ​យ៉ាងខ្លី​ថា ថ្ងៃបុណ្យ​មាឃបូជា ជា​ថ្ងៃបុណ្យ​ខាង​ព្រះពុទ្ធសាសនា​៕