នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តការងារបន្តត្រីមាសទី២  ឆ្នាំ ២០២១ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធ។


របៀបវារៈនៃកិច្ចប្រជុំ ៖

  ១-របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ត្រីមាសទី១ និងទិសដៅការងារបន្ត ត្រីមាសទី២ ឆ្នាំ ២០២១  

   ២-របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រីមាសទី១ ឆ្នាំ ២០២១ 

   ៣-ពិនិត្យ ពិភាក្សាលើសេចក្តីអំពាវនាវ  កៀរគរមូលនិធិ អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខា ឆ្នាំ២០២១ ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏យើង បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក"ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា"។

 

ឯកឧត្តមអភិបាលខេត្ត បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ អោយទាំងអស់គ្នា ចូលរួមអនុវត្ត វិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " របស់រាជរដ្ឋាភិបាលកម្ពុជា និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បី កាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី ដ៏កាចសាហាវនេះ ពិសេសខិតខំអត់ធ្មត់ និង រួមគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក ក្នុងការ ត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមានតម្លាភាព និងគណនេយ្យភាព។


ក្នុងនាម ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា សូមអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន ទាំងក្នុង និងក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបលំបាកជីវភាព ក្នុងទូទាំងខេត្ត កំពង់ចាម៕