នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសំណេះសំណាល និងចែកអំណោយ របស់រដ្ឋបាលខេត្ត ចែកជូនគ្រួសារខ្វះខាតក្នុងជីវភាព ចំនួន៣៦គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៃឃុំសូទិព្ទ ស្រុកជើងព្រៃ ដែលរងផលប៉ះពាល់ ដោយព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
នាឱកាសនោះ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ ១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវសម្ភារៈ ជាឧបភោគបរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺកូវីដ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ។
សូមបញ្ជាក់ថា អំណោយរដ្ឋបាលខេត្ត ដែលនាំចែកជូនប្រជាពលរដ្ឋទាំង ៣៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២០.០០០រៀល។ ក្រៅពីនោះ ឯកឧត្ដមអភិបាលរង ក៏បានឧបត្ថម្ភដល់សមាជិកឃុំ ១២នាក់ ម្នាក់ៗថវិកា ២០.០០០រៀល ផងដែរ៕
No comments:
Post a Comment