នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ បណ្តាឲ្យរំលំផ្ទះ ចំនួន០២ខ្នង និងបើកដំបូល ៦៤ខ្នង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កអោយមានការខូចខាតដល់លំនៅដ្ឋានបងប្អូន ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង, ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល " ៣ការពារ និង ៣កុំ " អោយបានគ្រប់គ្នា។
ដោយសាររដូវនេះជារដូវវស្សា ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈីក និង ជំងឺគ្រុនឈាម ជាដើម។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំលឹកការចងចាំ ថា " ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម "។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ និង អាវយឺតចំនួន ៤។
ដោយឡែក ចំពោះថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាត គឺ អ្នកដែលរងការខូចខាតធ្ងន់ ៩គ្រួសារ ផ្តល់ជូនក្នុង ១គ្រួសារចំនួន ៣០០,០០០ រៀល ហើយ អ្នកដែលរងការខូចខាតស្រាល ៥៧គ្រួសារទៀត មួយគ្រួសារ ទទួលបាន ១០០,០០០ រៀល។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានប្រគេព្រះចៅអធិការវត្តសូភាស នូវ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២យួរ និង បច្ច័យ ២០០,០០០ រៀល៕
No comments:
Post a Comment