(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រូសារអតីតយុទ្ធជនចំនួន ២០៨ គ្រួសារនៅស្រះទឹកតេជោ ភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ដោយក្នុង ០១ គ្រួសារទទួលបាន អង្ករ ០១ ការ៉ុង, មី ០១ កេស, ទឹកត្រី ០១ យួ, ទឹកស៊ីអ៊ីវ ០១ យួ, ប៊ីចេង ០១ ថង់, អំបិល ២ ថង់។


ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្តមអភិបាលខេត្ត  ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្ដេចតេជោនាយរដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន ផងដែរ។


ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ និងសូមអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមពេលវេលា និងទីកន្លែងដែលដែលបានកំណត់។


បន្ទាប់ពីចុះសួរសុខទុក្ខរួច ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារអមដំណើរបានអញ្ជើញដាំដើមផ្កាសាគឺរ៉ា អមសងខាងផ្លូវ នៅចំណុចវាលឈ្លីក ឃុំពង្រ ស្រុកចុងកាល់ នៅតាមដងផ្លូវជាតិលេខ ៦៨  ដើម្បីលម្អរដងផ្លូវឲ្យកាន់តែមានសោភណ្ឌភាព៕