អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ត្រា(គំរូថ្មី) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, September 2, 2021

អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ត្រា(គំរូថ្មី) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ មានប្រសាសន៍លើកឡើង ក្នុងពិធីប្រគល់ត្រា(គំរូថ្មី) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជម្រុញដល់មន្ទីរសុខាភិបាលត្រូវយកចិត្តទុក្ខដាក់ព្យាបាល និងលើកទឹកចិត្តអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ដើម្បីអោយពួកគាត់កាន់តែមានទំនុកចិត្តលើក្រុមគ្រូពេទ្យ ក្នុងការព្យាលបាល និងឆាប់ជាសះស្បើយពីជម្ងឺដ៏កាចសាហាវនេះ។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អោយដឹងថា៖ ក្នុងបរិបទកូវីដ-១៩នេះ ក្រុមទ័ពអាវសទាំងអស់ ត្រូវបន្តចូលរួម និងសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និងត្រូវចេះលើកទឹកចិត្តពួកគាត់កុំគិតអ្វីដែលធុញថប់ ចេះធ្វើលំហាត់ប្រាណ ព្រមទាំងរស់នៅស្អាត។


លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរសុខាភិបាលខេត្ត អំពីការប្រើប្រាស់ត្រាគំរូថ្មី និងត្រូវគ្រប់គ្រងទុកដាក់អោយបានគង់វង្សល្អ  ចៀសវាងការបាត់បង់ ឬការយកទៅប្រើប្រាស់ខុសនឹងផ្លូវច្បាប់ ក្នុងនោះការិយាល័យជំនាញដែលមានភារកិច្ច មិនត្រូវអនុញ្ញាតិឲ្យទុកនៅក្រៅពីការិយាល័យ ឬយកទៅតាមខ្លួនរបស់អ្នកហត្ថលេខី ឬប្រធានអង្គភាព និងអ្នកដែលមានភារៈកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ   ហើយមន្រ្តីដែលមានភារៈកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្រ្តីដែលទទួលបន្ទុកការងាររដ្ឋបាល ជៀសវាងការប្រគល់ជូនមន្រ្តីដែលគ្មានភារៈកិច្ច  ដូច្នេះការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន គឺត្រាត្រូវបោះលើឯកសារផ្លូវការស្របតាមតួនាទីភារៈកិច្ច និងបម្រើឲ្យផលប្រយោជន៍ស្របច្បាប់ ចៀសវាងការប្រើប្រាស់លើឯកសារបម្រើ ឲ្យផលប្រយោជន៍បុគ្គល នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលជាកងទ័ពអាវស កំពុងប្រយុទ្ធ និងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។


សូមបញ្ជាក់ថា៖ ពិធីប្រគល់ត្រា(គំរូថ្មី) របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិននេះ គឺយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ តាមប្រកាស លេខ ៦១៦ ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកំណត់គំរូត្រាថ្មី និងការប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត  មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ៕







 

No comments:

Post a Comment

Pages