ខេត្តកណ្ដាល៖ ក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី " ខ្មែរជួយខ្មែរ " តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ កន្លងទៅនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២.៤៥៧.០០០(ប្រាំរយម្ភៃពីរលាន បួនរយហាសិបប្រាំពីរពាន់)រៀល និង១,១៥០ (មួយពាន់មួយរយហាសិប)ដុល្លារ ដែលជាការចូលរួមចំណែកបរិច្ចាគពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគុន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងអរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាក កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផាប្រព្រឹត្តិទៅដោយរលូនបន្តទៀត។


សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។


ពាក្យស្លោកនៃមូលនិធិគន្ធបុប្ផាកម្ពុជាគឺ "ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចាគ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់"៕