កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី្រ និងកុមារ ខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ។


វេទិកាពិភាក្សានេះដោយមានកិច្ចសហការរៀបចំដោយ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសហការគាំទ្រដោយ អង្គការ WaterAid និង World Vision។ គោលបំណងគឺដើម្បីចែករំលែកបទពិសោធន៍ អំពីភាពជាអ្នកដឹកនាំរបស់ស្ត្រី លើគ្រប់វិស័យ និងជំរុញឱ្យមានការជជែកពិភាក្សាអំពីសកម្មភាពរបស់ស្ត្រី ព្រមទាំងរៀបចំបណ្តាញស្ត្រីនៅថ្នាក់ក្រោមជាតិ ដោយមានវាគ្មិន ពិភាក្សា និងផ្តល់បទពិសោធន៍ ដល់សមាជិក សមាជិកាដែលបានចូលរួម។


លោកជំទាវ តុង ណារី បានផ្តាំផ្ញើ នឹងធ្វើការណែនាំដល់ស្រ្តី សូមទទួលយកបទពិសោធន៍ នឹងស្វែងយល់ពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងធ្វើសេចក្តី សម្រេច។ លោកជំទាវ បានបន្តថា៖ ស្រ្តីត្រូវមានការគាំទ្រសមស្របដែលត្រូវផ្តល់ដល់ស្ត្រី ដើម្បីបង្កើត និងធានានូវបរិយាកាសអំណោយផល សម្រាប់ការចូលរួម និងការដើរតួនាទីកាន់តែសំខាន់របស់ស្ត្រី ក្នុងជីវភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។

 

ក្នុងវេទិកា វាគ្មិន បានពិភាក្សា និងផ្តល់បទពិសោធន៍ ដែលជាកត្តាឧបសគ្គចម្បងរបស់ស្រ្តីរួមមាន៖ បន្ទុកគ្រួសារ កង្វះការលើកទឹកចិត្ត ការគាំទ្រ ឥទ្ធិពលរបស់បុរសលើសលប់ក្នុងវិស័យ​សាធារណៈ ការអប់រំ សមត្ថភាព ទំនុកចិត្តរបស់ស្ត្រីនៅទាប ការរើសអើងដោយបុរស និងស្ត្រីដទៃទៀត ផ្នត់គំនិតដែល​រឹតត្បិតសេរីភាពរបស់ស្ត្រី និងឧបសគ្គផ្នែកសុខភាព(ត្រូវបានគេយល់ថាមានភាពទន់ខ្សោយ និងការមានគភ៌)៕