នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(ជំហានទី១) និងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំ សង្កាត់ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងក្រុមការងារកសាផែនការក្រុង ស្រុក ប្រធានការិ យាល័យគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន នៅមន្ទីរផែនការ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តមាន ប្រសាសន៍បើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរបស់ឱ្យចេះធ្វើផែនការសកម្មភាពនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥។ មកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តសង្កេត ឃើញថា នៅមានក្រុង ស្រុក និងឃុំ សង្កាត់មួយចំនួនមិនទាន់បានបញ្ចប់ការរៀបចំ និងកសាង​​កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២- ២០២៤នៅឡើយ។ ដូច្នេះរដ្ឋបាល​ក្រុង ស្រុក​ និងរដ្ឋបាលឃុំ សង្កាត់ត្រូវចាប់ផ្តើមដំណើរការរៀបចំ និងកសាង​កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣- ២០២៥ ដោយអនុលោមតាមលិខិតលេខ ០៣៣ ស.ជ.ណ​​/អ.រ.ប របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការជំរុញ និងគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងស្នើផ្តល់របាយការណ៍ ស្តីពីវឌ្ឍនភាព នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់។ 


លោកអភិបាលរងខេត្ត បានបន្តថា អនុលោមតាមច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្ដីពីការគ្រប់រដ្ឋបាលឃុំ សង្កាត់ បានកំណត់ នៃអាណត្តិក្រុមប្រឹក្សានីមួយៗ ដោយរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ត្រូវធ្វើបច្ចប្បន្នភាព ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំកម្មវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផ្តោតលើតម្រូវការអភិវឌ្ឍសំខាន់ៗ‌ ១.តម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ទទួលមុខងារ និងធនធានថ្មី។ ២.សេវា មធ្យោបាយ សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋានចាំបាច់។ ៣.ការកាត់បន្ថយភាពក្រីក្រ។ ៤.តម្រូវការផ្សេងៗរបស់ស្រ្តី បុរស យុវវ័យ កុមារ និងក្រុមជនងាយរងគ្រោះ។ គោលបំណង នៃជំហានទី១ គឺតម្រូវការអភិវឌ្ឍរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាប្រចាំឆ្នាំរបស់ខេត្ត។ បញ្ជីតគម្រោង សកម្មភាពទាំងផ្នែករូបវន្ត អរូបវន្ត និងសេវារដ្ឋបាលនានាជាធាតុចូលក្នុងការរៀបចំគម្រោង​ថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្រ្តថវិកាខេត្ត។ ហើយគោលការណ៍សំខាន់ទាំង៩ មានដូចជា៖ 

១-ការចែករំលែកព័ត៌មាន 

២-តម្លាភាព 

៣-សង្គតិភាព និងសុខដុមនីយកម្ម 

៤-ការចូលរួមពិគ្រោះយោបល់ជាទូទៅ 

៥-ការឆ្លើយតបនឹងតម្រូវការ 

៦-គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ 

៧-ប្រសិទ្ធភាព និងសុក្រឹត្យភាពសេដ្ឋកិច្ច និងសង្គម 

៨-ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន 

៩-ការធានាសមធម៌។ ក្នុងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បានផ្តោតលើការរៀបចំយុទ្ធសាស្រ្តថវិកាជាតិ ស្របតាមក្របខណ្ឌពេលវេលារៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមបណ្ដាឆ្នាំនីមួយៗ​ក្នុងរយៈពេលបីឆ្នាំ នឹងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម​(បីឆ្នាំ)​របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។


លោកអភិបាលរងខេត្ត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ និងធ្វើការពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅដោយមានការវិភាគគ្រប់ជ្រុងជ្រោយ​តាមតារាងនៅក្នុងសកម្មភាពនីមួយៗ នៃជំហានទី១ និងក្នុងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់យោបល់ ដើម្បីប្រើប្រាស់ថវិកាវិនិយោគឱ្យចំគោលដៅនូវគម្រោងអាទិភាព ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋាន៕