រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ខែ ឧសភា ឆ្នាំ២០២២វេលាម៉ោង០១:០០នាទីរសៀលជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពលួចរថយន្តម៉ាកកូរ៉ូឡានៅចំណុចផ្ទះលេខ៤៣A ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

     

         ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន 

   ១-ឈ្មោះ នី ម៉ាឡា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។  


  ២-ឈ្មោះ ស៊ីន ដាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

    

   ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ឡាង ស្រីមួយ ភេទស្រីអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការមួយ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១ ផ្លូវP១២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

     

ចំពោះសម្ភារដកហូតមាន៖

  រថយន្ត១គ្រឿងម៉ាក COROLLA  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-2504, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1A-4856។

    

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង០៣ៈ០០នាទីនៅចំណុចកើតហេតុខាងលើជនរងគ្រោះបានទុករថយន្តនៅលើផ្លូវដោយចាក់សោត្រឹមត្រូវ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់បានមកធ្វើសកម្មភាពលួចរថយន្តបានសម្រេច រួចគេចខ្លួនបាត់លុះដល់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២២វេលាម៉ោង០១:០០នាទីរសៀលកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់បានជនសង្ស័យចំនួន២នាក់រួមទាំងវត្ថុតាងរថយន្តជនរងគ្រោះនៅចំណុចផ្ទះជួល តាមផ្លូវបេតុង ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវយកមកអធិការដ្ឋានខណ្ឌដើម្បីសាកសួរ។  ចំណែកជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ស្រមោល។

    

បច្ចុប្បន្នអធិការដ្ឋានខណ្ឌឫស្សីកែវបានប្រគល់ជនសង្ស័យនិងវត្ថុតាងទៅឱ្យអជិការដ្ឋានខណ្ឌចំការមនដើម្បីបន្តនីតិវិធីច្បាប់៕