សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, May 9, 2022

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២២ នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀបទម្លាប់ប្រពៃណីសាសនា ដោយ មានការនិមន្ត យាង និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងឥស្សរជនជាន់ខ្ពស់ជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីមន្ត្រីរាជាការ កងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។ 


អ្នកចូលទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់ រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេស ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ និងលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិជាអនេកប្បការ ជារហូតមក។


សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធនៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។


សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕







 

No comments:

Post a Comment

Pages