នៅក្នុងឱកាសនៃការចុះឃោសនារកសម្លេងឆ្នោតនៅឃុំបាតាងនាព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ហុឹមសុទិត្យា អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលំផាត់ អមដំណើរដោយឯកឧត្តម កុល ផាន់ណា ប្រធានក្រុមការងារគណបក្សចុះជួយឃុំបាតាង បានប្រាប់អោយសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឃុំបាតាងទាំងមូលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី ៥ ខែ មិថុនា ឆ្នាំ២០២២ អោយបានគ្រប់ៗគ្នា។


នៅគ្រប់លំនៅដ្ឋានរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលឯកឧត្តមនិងក្រុមការងារអញ្ជើញដល់ ឯកឧត្តម ហុឹម សុទិត្យា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ទាំងនេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។


នៅក្នុងឱកាសនេះផងដែរឯកឧត្តម កុល ផាន់ណា ប្រធានក្រុមការងារគណបក្សចុះជួយឃុំបាតាងក៏ បានធ្វើការពន្យល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិការ មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនឡើយ។ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។


ឯកឧត្តម កុល ផាន់ណាបានបន្តទៀតថា ប្រជាជនបានឃើញកាន់តែច្បាស់ថែមទៀត នោះគឺក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលសម្ដេចតេជោបានដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារសុខមាលភាព សាធារណៈប្រជាជន រហូតដល់អាចរុញច្រានការរីករាលដាល់ជំងឺដ៏កាចសាហាវឱ្យបានធូរស្រាលឡើងវិញ។ តាមរយៈការខិតខំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺបានជំរុញឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ច សង្គមឡើងវិញ និងនៅបានបន្តជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញថែមទៀត។ ទាំងនេះគឺសម្ដេចតេជោគិតគូរពីអាយុជីវិតប្រជាជនក្នុងប្រទេសកម្ពុជា ដោយសម្តេចតែងបានចាត់ទុកថាអាយុជីវិតប្រជាជន គឺសំខាន់ជាងអ្វីទាំងអស់។ ដូច្នេះសូមសកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១នៅឃុំបាតាង ដែលមានរូបសញ្ញា «ទេវតាបាចផ្កាជាសញ្ញាសំគាល់»។ 


នៅក្នុងឱកាសនោះ ឯកឧត្តម ហ៉ឹម សុទិត្យា និងឯកឧត្តម កុល ផាន់ណា ព្រមទាំងក្រុមការងារបានបញ្ជាំងវីដេអូស្តីពីសមិទ្ធិផលនានាក្នុងការកសាងនិងអភិវឌ្ឍន៍ខេត្តរតនគិរីក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជូនទស្សនាព្រមទាំង បានបង្រៀន សមាជិក សមាជិកាបក្សអោយចេះគូសសន្លឹកឆ្នោតផងដែរ នៅពេលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕