រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, May 20, 2022

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង ៥០០ប្រភេទ រួចមក សួននេះត្រូវបានសម្ភោធកាត់ខ្សែបូរដាក់ឳ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានប្រតិភូអមដំណើរ រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ១ពាន់នាក់ បានចូលរួម។


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ឳ្យដឹងថា  ការបង្កើតឳ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និងស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្ស សម្រាប់ឳ្យកូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា។ ម៉្យាងទៀត នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចក៏ដូចជាការចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែម ដល់ប្រជាជនកម្ពុជាបានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និងក្រៅស្រុករួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀត ក្នុងសួនសំដៅបង្កើនស្មារតីស្រឡាញ់ និងចូលរួមថែរក្សា ការពារ និងអភិរក្សមរត៍កជាតិយើង។ 


ក្នុងនោះអាជ្ញាធរជាតិអប្សរា បានធ្វើការកែលម្អរ និងពង្រីកផ្ទៃដីសួនគ្រឿងទេសបន្ថែមមកដល់បច្ចុប្បន្ននេះមានជិត ១៥ហិចតា ឳ្យទៅជា (សួនរុក្ខជាតិអង្គរ) ដែលបានអនុវត្តបានរួចរាល់នៅដើមឆ្នាំ២០២២នេះ ដែលមានដាំដើមរុក្ខជាតិផ្កា និងឈើហូបផ្លែប្រមាណ ៥០០ប្រភេទ ហើយសួនរុក្ខជាតិអង្គរនេះត្រូវបានចែកជា ៥ផ្នែក ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។


នាឱកាសសម្ពោធនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានលើកផងដែរអំពីអត្ថប្រយោជន៍ នៃរុក្ខជាតិដែលបានផ្តល់ដល់មនុស្សយើងនៅលើភពផែនដីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយនឹងអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារៈសំខាន់មួយនេះឡើង។


ឯកឧត្តម ជា សុផារ៉ា  ក៏បានគូសបញ្ជាក់ថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ សួនរុក្ខជាតិអង្គរនេះ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ  បានផ្ដល់ជាម្លប់ និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ ប្រព័ន្ធដកដង្ហើមផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផង និងលើកស្ទួយដល់សុខភាពសាធារណៈ និងភ្ញៀវទេសចរផងដែរ។


ឯកឧត្តម ជា សុផារ៉ា ក៏បានសំណូមពរឲ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើភារកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំឲ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើ និងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីក និងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឳ្យកាន់តែមានទំហំធំ ព្រមទាំងរុក្ខជាតិសំបូរបែប ដោយបន្ថែមរុក្ខជាតិថែមទៀត និងបានធ្វើការបំផុសដល់គ្រប់ទីវត្តអារាម និងអាជ្ញាធរ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវប្រពៃណីដាំកូនឈើដើមី្បលើកកម្ពស់បរិស្ថាន និងសុខុមាលភាពយើងគ្រប់គ្នាផងដែរ។ ម៉្យាងទៀត សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបឳ្យចាប់អារម្មណ៍ និងចូលមកកម្សាន្តដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ៕













 

No comments:

Post a Comment

Pages