(ភ្នំពេញ)៖ វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាសព្វថ្ងៃនេះ មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់ ដោយចាប់ពីកុមារតូច រហូតដល់យុវជន យុវនារី គឺទទួលបានការសិក្សារៀនសូត្រ មានសមត្ថភាពពេញលេញក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ពោលបើ ធនធានមនុស្សរបស់យើងមានការរីកចម្រើន ស្ត្រីក៏មានឱកាសច្រើនក្នុងការកសាងសមត្ថភាពក្លាយជាសហគ្រិន ជាអ្នកដឹកនាំទាំងការងារនៅកម្រិតមូលដ្ឋាន ក៏ដូចជានៅក្នុងជួររាជរដ្ឋាភិបាល។ 


នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន នាឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ជិត២០០នាក់ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ។ 


ឯកឧត្តមប្រធាន គូសបញ្ជាក់ថា សមភាពយេនឌ័រគឺជាកត្តាចម្បង ក្នុងការធានានូវចីរភាព សន្តិភាព និងការអភិវឌ្ឍ។ ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវសន្តិភាព បរិយាប័ន្ត និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យស្ត្រីក្លាយទៅជាកម្លាំងចលករ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ផែនការយុទ្ធសា្តស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។


ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើន ប្រជាជនរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព បើគ្មានសន្តិភាពក៏មិនមានអ្វីដល់សព្វថ្ងៃនេះដែរ។ ស្ត្រីទទួលបានផលប្រយោជន៍ពីផ្លែផ្កានៃសន្តិភាព ផ្តើមពីសន្តិភាពនេះ សេដ្ឋកិច្ចកម្ពុជា មានកំណើន៧ភាគរយក្នុងមួយឆ្នាំ បង្កលក្ខណៈដល់ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរបស់ជាតិ។ 


ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានប្រព័ន្ធគាំពារសង្គម ជួយទាំងមន្ត្រីរាជការ និងបុគ្គលិកវិស័យឯកជន សម្រួលការលំបាករបស់ពួកគាត់បានមួយកម្រិត។  ឆ្លងកាត់វាលដ៏លំបាកមួយទៀតសម្រាប់យើងទាំងអស់គ្នាដែរនោះ គឺយើងមានភ័ព្វសំណាងណាស់ ដែលមានថ្នាក់ដឹកនាំប្រទេស ពោរពេញដោយសមត្ថភាព ឈ្លាសវៃ ប៉ិនប្រសប់ បានប្រែក្លាយស្ថានភាពដ៏ស្មុគស្មាញនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីការបិទប្រទេស អាចមានលទ្ធភាពបើកប្រទេសឡើងវិញ គ្រប់វិស័យទាំងអស់បានដំណើរការជាប្រក្រតី ពលរដ្ឋមានឱកាសប្រកបអាជីវកម្ម រកទទួលទានបានដូចធម្មតា គ្រាន់តែប្រកាន់ភ្ជាប់នូវការការពារខ្លួន និងរៀនរស់ជាមួយកូវីដ-១៩។ 


នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះដែរ ឯកឧត្តមប្រធាន ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងសមាគមនារី ដែលហ៊ានលះបង់កម្លាំងកាយចិត្តប្រយុទ្ធទប់ទល់ជាមួយសមរភូមិគ្មានរូបរាងមួយនេះ រហូតដល់មន្ត្រីមូលដ្ឋានរបស់យើងខ្លះបានបាត់បង់ជីវិតនៅក្នុងការបំពេញតួនាទីការងាររបស់ខ្លួនថែមទៀត។ ទាំងនេះ សបញ្ជាក់ពីគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះការលះបង់របស់អាជ្ញាធរ ដែលខិតខំបំពេញកិច្ចការងារដើម្បីប្រជាជន និងសង្គមជាតិ ។


គួរបញ្ជាក់ជូនដែរថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអ្នក បន្តវេនពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិ ឡើងតាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរចនាសម័្ពន្ធតាំងពីថ្នាក់កណ្តាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។


សមាគមនារីសង្រ្គោះជាតិកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះអាសន្ន ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍។ សមាគមនារីបានបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈជាកសិករ កម្មករ បញ្ញវន្ត ជនជាតិ ភាគតិច និងនារីនៅក្រៅប្រទេសរួមគ្នាជាកម្លាំងដ៏ខ្លាំងក្លា គាំទ្រនិងអនុវត្តគោលការណ៍ ១១ខ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្រ្តនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ តួនាទី ភារកិច្ច និងសកម្មភាពរបស់សមាគមក៏បានវិវត្តន៍ និងប្រែប្រួលទៅតាមកាលៈទេសៈ ស្ថានភាពនយោបាយរបស់ប្រទេសជាតិ៕