ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តរតនគិរី មិនខុសគ្នាតាមបណ្តាខេត្តរាជធានីទាំង២៥នោះដែរ។
ចាប់ពីម៉ោង៧ព្រឹកនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់បានបើកទ្វារអោយប្រជាពលរដ្ឋចូលទៅបោះឆ្នោតក្រោមការឃ្លាំមើលពីអង្គការសមាគមចំនួន៨។ ប្រជាពលរដ្ឋបានអញ្ជើញមកយ៉ាងត្រៀបត្រាដោយតម្រង់ជួរយ៉ាងមានរបៀបរៀបរយតាមការិយាល័យនីមួយៗ ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសតំណាងដោយផ្ទាល់របស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍ ភូមិ ឃុំ សង្កាត់ របស់ខ្លួនឲ្យបានស្គាល់ការរីកចម្រើនទៅមុខបន្ថែមទៀត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ។
សូមបញ្ជាក់ថាខេត្តរតនគិរីមានចំនួន ៥០ ឃុំ/សង្កាត់។ មានគណបក្សនយោបាយចំនួន ៦ បានដាក់បេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួមមាន ៖
១. គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីបេក្ខជន ៥០ ឃុំសង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៥៧៤នាក់ ស្រី ៨៧នាក់។
២. គណបក្សភ្លើងទៀន ចុះឈ្មោះបញ្ជីបេក្ខជន ៤២ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៣២២នាក់ ស្រី ៦៦នាក់។
៣. គណបក្សខ្មែររួបរួមជាតិ ចុះបញ្ជីបេក្ខជន១៤ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៤១នាក់ ស្រី ១៨នាក់។
៤. គណបក្សហ៊្វុនសុិនបុិច ចុះបញ្ជីបេក្ខជន៤ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៩នាក់ ស្រី០នាក់។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះបញ្ជីបេក្ខជន ៣ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ២៦នាក់ ស្រី ២នាក់។
៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាបានចុះបញ្ជីបេក្ខជន១ ឃុំ/សង្កាត់ និងពុំបានដាក់ភ្នាក់ងារនោះទេ។
នៅទូទាំងខេត្តរតនគិរីមានការិយាល័យបោះឆ្នោតចំនួន ២៨៧ការិយាល័យ និងមានប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១០៩,៤៨៤ នាក់៕
No comments:
Post a Comment