នៅពេលដែលការជួសជុលជិតរួចរាល់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចមង្គលដោយបញ្ចុះវត្ថុមួយចំនួនទៅក្នុងកន្លែងដើមវិញនៅលើកំពូលរបស់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ តាមបែបប្រពៃណីនិងជំនឿសាសនា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
វត្ថុដែលគេយកទៅបញ្ចុះនៅកន្លែងដើមវិញនោះ គឺគ្រាប់ថ្មខ្វាតចំនួន៤គ្រាប់ ជាប្រភេទថ្មត្បូងដ៏មានតម្លៃដែលសម័យថ្មីគេអាចហៅថា ជាប្រភេទថ្មគ្រីស្តាល់។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្កាមានប្រសាសន៍ថា ថ្មខ្វាតទាំង៤គ្រាប់នោះ គឺក្រុមការងារជួសជុលបានប្រទះឃើញកាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ក្នុងពេលដែលក្រុមការងារបានរុះរើថ្មចេញពីកំពូលមុខព្រហ្មនៃខ្លោងទ្វារ ដើម្បីរៀបចំសារឡើងវិញជាថ្មីនោះ។
កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងទៀតថា វត្ថុដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារនោះ ត្រូវគេជឿថា បុព្វបុរសខ្មែរដែលជាអ្នកសាងអង្គរបានចាត់ទុកជាវត្ថុមង្គល ដែលអាចធ្វើឱ្យសំណង់ទាំងនោះមានឬទ្ធិអំណាចផង។ ដូច្នេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ក៏បានធ្វើពិធីបញ្ចុះវត្ថុទាំងនេះ នៅតាមកន្លែងដើមវិញទៅតាមប្រពៃណី ដោយមានព្រះសង្ឃនៃព្រះពុទ្ធសាសនាជាអធិបតី ស្វាធ្យាយជយន្តោ ប្រោះព្រំផង និងក្នុងផ្នត់គំនិតមួយដែលជឿថា វត្ថុមង្គលទាំងនេះនឹងនៅតែមានឬទ្ធី ហើយនឹងជួយការពារ ថែរក្សាខ្លោងទ្វារតាកាវនោះ ឱ្យនៅតែគង់វង្សបានយូរអង្វែងតទៅមុខទៀតផង៕
No comments:
Post a Comment