នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ, ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៨ នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា វត្តចំនួន៨ នោះរួមមាន៖ វត្តរតនមនោសុទ្ធារាម ហៅវត្តកែវសីមា, វត្តសុវណ្ណសាមគ្គីមុនិសត្ថារាម ហៅវត្តត្រពាំងផ្អេរ, វត្តនវគិរីសុវណ្ណរាម ហៅវត្តព្រៃមាស, វត្តសុវណ្ណរាម ហៅវត្តមេម៉ង់, វត្តគិរីថេរាម ហៅវត្តរណែងក្រៅ, វត្តបទុមវ៉ារីខេត្តារាម ហៅវត្តទឹកធ្លាក់ស្រែឈូក, វត្តសុទ្ធាបុញ្ញខេត្តារាម ហៅវត្តស្រែព្រះ និងវត្តខេមរាបុញ្ញារាម ហៅវត្តថ្មី។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាស្លាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃតាមលទ្ធភាព។
សូមបញ្ជាក់ថា សម្រាប់ទេយ្យទាន និងបច្ច័យរបស់រដ្ឋបាលខេត្តមណ្ឌលគិរី រួមមាន៖ ទៀនវស្សា ១គូ, អង្ករ ៥០គីឡូក្រាម ,មី ២កេស, ត្រីខ ២យួរ, ទឹកសុទ្ធវីតាល់ ២កេស, ទឹកផ្លែឈើ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, តែ ១កញ្ចប់, ស្ករ ១គីឡូក្រាម និងបច្ច័យចំនួន ៥០០.០០០រៀល។ ដោយឡែក សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត រួមមាន៖ ទៀនវស្សា ១គូ, អង្ករ ៥០គីឡូក្រាម, ស្លាដក់, ១កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, មី ៤កេស, ត្រីខ ១កេស, ទឹកសុទ្ធ ៥កេស, ស្ករស ៥គីឡូក្រាម, ទឹកដោះគោ ២៤កំប៉ុង និងបច្ច័យមួយចំនួនទៀត៕
No comments:
Post a Comment