ខេត្តកណ្តាល៖  ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ទាំង១៨៩៥ ក្បាលដី ស្ថិតនៅក្នុងភូមិស្តៅកន្លែង៣ ស្តៅកន្លែង៤  ស្តៅកន្លែង៥ ឃុំដីឥដ្ឋ  សូមមេត្តារួសរាន់នាំគ្នាមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ដូចជា ម្ចាស់កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ  ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទិន្នន័យផ្សេងៗទៀត ប្រសិនបើមានការខុសឆ្គង សូមធ្វើការសាកសួរ ឬដាក់ពាក្យបណ្ដឹងតវ៉ា ជាមួយមន្ត្រីជំនាញដែលនៅប្រចាំការ ដើម្បីមន្ត្រីជំនាញ  ធ្វើការកែតម្រូវឡើងវិញ ពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស។ 


លោក កេត ផល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកៀនស្វាយ បានអំពាវនាវដូច្នេះ នៅក្នុងបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅក្នុងបរិវេណវត្តស្ដៅកន្លែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។


លោកបានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។         


លោកបានបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗ ហើយវាក៏ជាកត្តាដែលធ្វើឱ្យដីរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលទិញលក់ និង ធ្វើឱ្យដីមានតម្លៃផងដែរ។ 


ថ្លែងក្នុងពិធីនេះដែរ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ សំដៅបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ ឃុំ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើឡើង។


លោកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ពលរដ្ឋផ្សេងៗទៀតដែលមានដីនៅក្នុងភូមិសាស្រ្តខាងលើ ឱ្យនាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់  ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ  បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ។