នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី នៅរដ្ឋបាលខណ្ឋដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្ដិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ និងលោកស្រី អញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៥១គ្រួសារ ពិការ ០៧គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ ១០គ្រួសារ សរុបទាំងអស់ ៦៨គ្រួសារ រស់នៅក្នុងខណ្ឌដូនពេញ  ។

   ក្នុងឱកាសនោះ លោកអភិបាល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

 បន្ថែមពីនេះលោក អភិបាល បានលើកឡើង ០៣ចំណុច ដូចខាងក្រោម÷

 ១- កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ 

 ២-ប្រជាពលរដ្ឋទាំងអស់ ត្រូវដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារកូវីដ-១៩ ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន។

  ៣-សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានកូនៗដល់អាយុបោះឆ្នោត ត្រូវនាំពួកគាត់ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់ពីផលលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

   អំណោយដែលចែកជូននៅពេលនេះក្នុង ១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ជែលសម្លាប់មេរោគ ១ដប, ថ្នាំដុសធ្មេញ ១យួរ និងថវិកា ២០,០០០រៀល៕