ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ខងាយរងគ្រោះបំផុត ចំនួន ២គ្រួសារ ទី១ឈ្មោះ ពួក ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ (បុរសពោះម៉ាយ ) មានមុខរបរដើរអង្រួនអង្ក្រងលក់ចិញ្ចឹមគ្រួសារ សមាជិក ៨នាក់ និងគ្រួសារទី២ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ ៣០ឆ្នាំ មានសមាជិក ៥នាក់ មុខរបរដើរបេះស្លឹកអំពិលលក់ ហើយប្តីដើរស៊ីឈ្នួលគេបានកម្រៃបន្តិចបន្តួចមកចិញ្ចឹមគ្រួសារ  និងមានអាសយដ្ឋាននៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងពីរដោយក្តីនឹករឮក ។ លោកនាយកបានបញ្ជាក់ថា  កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ និងជនងាយរងគ្រោះបំផុត ពិសេសជនក្រីក្រ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រកូនច្រើននៅក្នុងបន្ទុក កុមារកំព្រា និងជនពិការជាដើម ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ប្រពៃណី សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ៖ ទីណាប្រជាពលរដ្ឋមានជួបនូវទុក្ខលំបាក ទីនោះត្រូវមានកាកបាទក្រហមកម្ពុជា ទៅជួយដោះស្រាយដើម្បីសម្រាលនូវការលំបាកបានទាន់ពេលវេលា ។  លោកនាយកក៏បានសំណូមពរសុំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាចម្បង ហើយអនុវត្តការរស់នៅស្អាត ផឹកស្អាត ហូបស្អាត ពិសេសពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សព្វថ្ងៃនេះក៏ពុំទាន់់បានផុតរលត់នៃការឆ្លងរាតត្បាតក្នុងសហគមន៍នៅឡើយ ដូចនេះ សូមបងប្អូនមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ៖ ៣ការពារ និង ៣កុំ បន្តទៀត  ។


ជំនួយមនុស្សធម៌ដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ។ ដោយឡែកចំពោះថវិកា សាខាបានឧបត្ថម្ភជូនគ្រួសារលោក ពួក ចាន់ ចំនួន ៤០ម៉ឺនរៀល និងគ្រួសារឈ្មោះ ជា សុខនឿន ចំនួន ២៥ម៉ឺនរៀលផងដែរ ៕