ខេត្តកណ្ដាល៖ ផ្លូវបេតុង១ខ្សែរ ប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គ មហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចារបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។
ឯកឧត្តមអភិបាលខេត្តបន្តថា ការបើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លុង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់កោះអន្លុង់ចិន ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម មានសោភ័ណ្ឌភាព ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក "មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ "មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។
ឯកឧត្តម បន្ថែមទៀតថា រដ្ឋបាលខេត្ត បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបបទល្មើសគ្រឿងញៀន, ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការងារគ្រប់គ្រងបរិស្ថាន កាកសំណល់ រឹង រាវ នៅតាមផ្សារ ទីប្រជុំជន រោងចក្រ សហគ្រាស និងរកទីតាំងចាក់សំរាម ដើម្បី អភិវឌ្ឍន៍ក្រុង ស្រុក ឱ្យមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដ៏អាជ្ញាធរក្រុងតាខ្មៅ ចៅសង្កាត់ទាំង១០ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវដែលកំពុងសាងសង់ សូមចូលរួមសហការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឱ្យសម្រេចបានតាមការគ្រោងទុក្ខ។ ទន្ទឹមនឹងនោះក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវអនុវត្តតាមកិច្ចសន្យា សាងសង់ប្រកបដោយបច្ចេកទេស ធានាបាននូវការប្រើប្រាស់បានយូរអង្វែងផងដែរ។
No comments:
Post a Comment