(បាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ សំ វីរៈ ជាអធិការ បានសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( បណ្តាលឲ្យមរណៈភាពជនរងគ្រោះ)មួយករណីនិងបាននាំខ្លួនជនសង្ស័យ០១នាក់។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០៦នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។


សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកចំនួន០៣នាក់ទៀតបានជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម និង បានប្រើប្រាស់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧ នាក់ជិះមូតូ០៣គ្រឿង លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានកាប់ត្រូវចំជនរងគ្រោះម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅក្រុមទី០៥ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ចំត្រង់ក្បាលផ្នែកខាងលើមួយកាំបិត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកតែម្តង។ 


ជនសង្ស័យក្រោយពីឃាត់ខ្លួនបច្ចុប្បន្នត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕