(បាត់ដំបង) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ក្នុងករណី ឃាតកម្ម (កូនដើមចាក់សម្លាប់)ឳពុកចុងនៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ។


កិច្ចប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានមុខសញ្ញាជាជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ចំណុចឃុំថ្មដា ស្រុកវាលវែង ក្នុងពេលដែលមុខសញ្ញានរូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីបានធ្វើសកម្មភាពនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងរួចមក។


សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណីនេះបង្កដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតស (ចិតបន្លែ)ចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវជា(ឪពុកចុង) ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយក្រោយពេលធ្វើស កម្មភាពរួចភ្លាមជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋានហើយការសន្និដ្ឋានជាជំហ៊ានដំបូងចំពោះករណីនេះ កើតឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ។


ភ្លាមៗក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលមូលដ្ឋាននិងផែនជំនាញដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការធ្វើការពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ និងតាមស្វែងរកមុខសញ្ញារូបនេះ ដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋាន នគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិផងនោះបានស្វែងរកជនសង័្សយខាងលើ និងបានឃាត់ខ្លួនតែម្តង ដែលរហូតពេលនេះសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង័្សយ មកកាន់គោលដៅដើម្បីធ្វើការសាកសួរស្រាវជ្រាវ ចំពោះមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះ៕