ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានក្នុងបឹងកក់ ក្បែរទីលានកូនហ្គោល ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


នៅមុនពេលកើតហេតុ ជាងផ្សារដែកបានកំពុងនឹងផ្សារដំបូលខ្យូសដែលទើបតែដំឡើងថ្មីៗ។ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានកម្ទេចភ្លើងបានខ្ទាតទៅលើស្បូវ បណ្ដាលឱ្យកើតជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលអស់ភ្ញៀវដែលកំពុងអង្គុយហូបអីនៅខ្យូសក្បែរនោះ រត់ចេញពីទីតាំងកន្លែងកើតហេតុ និងបានស្រែកឲ្យបុគ្គលិកនៅក្នុងភោជនីយដ្ឋានខាងលើ អោយជួយយកទឹកមកបា.ញ់ពន្លត់ ហើយក៏បានទំនាក់ទំនងទៅកាន់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៏ ដើម្បីបង្ការឱ្យភ្លើងឆេះរាលដាលដល់ខ្យូសផ្សេងៗទៀតផងដែរ។

ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះ គឺភ្លើងបានឆាបឆេះអស់សម្ភារៈជាងផ្សារដែកមួយចំនួន និងខូចខាតដំបូលខ្យូសស្ទើរទាំងស្រុង ។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានមកដល់ចំនួន១គ្រឿង រួមនឹងរថយន្តរបស់ ៧១១ មកជួយអន្តរាគមន៍ចំនួន១គ្រឿងផងដែរ ៕