ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្នុងគោលបំណងបង្កើនភាពស្និតស្នាល និងពង្រឹងសមាសភាពដើម្បីបន្តទិសដៅទៅមុខ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 5, 2024

ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្នុងគោលបំណងបង្កើនភាពស្និតស្នាល និងពង្រឹងសមាសភាពដើម្បីបន្តទិសដៅទៅមុខ

(ខេត្តព្រះសីហនុ) ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ និង ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារ ព្រមទាំងសមាជិក សមាជិកា ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ នៅភោជនីយដ្ឋានសណ្ឋាគារ ឆ្នេរថ្មី ខេត្តព្រះសីហនុ។


ឯកឧត្តម ឡុង ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី លោកឧកញ៉ាបណ្ឌិត អេង ចំរើន លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តពង្រឹងការដឹកនាំក្រុមការងារបច្ចុប្បន្ន ហើយបន្តពង្រីកសមាសភាពបន្ថែមទៀត ពោលគឺពង្រឹងសមាសភាពសមាជិក សមាជិកា របស់ក្រុមការងារឲ្យកាន់តែរឹងមាំ  ហើយនឹងព្យាយាមពង្រីកចលនាសកម្មភាពយុវជនបន្ថែមទៀត ដើម្បីមានការទំនាក់ទំនងល្អ និងធ្វើឲ្យកាន់តែមានភាពរឹងមាំគ្រប់កន្លែង អាចដឹងបានលឿនពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 


ឯកឧត្តមមានការជឿជាក់ថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ អាចនឹងចូលរួមជាភ្នែកជាច្រមុះរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការចូលរួមប្រមូលព័ត៌មាន និងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ 


ឯកឧត្តមបន្តថា គ្រប់សកម្មភាពដែលក្រុមការងារបានចុះធ្វើកន្លងមកនេះគឺពិតជាល្អ ហើយសូមឲ្យថ្នាក់ដឹកនាំ ក្រុមការងារបន្តចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិតប្រាកដ និងលើកទិសដៅការងារបន្តឲ្យបានច្រើនបន្ថែមទៀតដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋានសំដៅឲ្យបានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ។ 


លោកឧកញ៉ាបណ្ឌិត អេង ចំរើន ក៏បានលើកឡើងថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៤ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១០។ 


ក្រុមការងារបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនា   សម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ការបង្កើតសហគមន៍កសិកម្ម ជួយដល់កសិករ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង    ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន។


ជាចុងក្រោយក្នុងនាមប្រធានក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ លោកឧកញ៉ាបណ្ឌិត អេង ចំរើន សូមប្តេជ្ញាចិត្តថានឹងបន្តសកម្មភាពក្រុមការងារឱ្យរឹតតែមានភាពផុសផុល ក៏ដូចជាខិតខំផ្តួចផ្តើមដឹកនាំ និងចូលរួមសកម្មភាពនានា និងការងារមនុស្សធម៌ឱ្យបានកាន់តែប្រសើរ រីកចម្រើន និងជោគជ័យជាបន្តបន្ទាប់ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ៕






 

No comments:

Post a Comment

Pages