សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅអតីតសាលាក្តីខ្មែរក្រហម - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 22, 2024

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅអតីតសាលាក្តីខ្មែរក្រហម

នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។


សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សម្ដែងនូវក្តីរីករាយអញ្ជើញបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍ នៅក្នុងយុត្តិតេជោ ប្រហែលជាអតីតសាលាក្តីខ្មែរក្រហមនេះ។សម្តេចបន្តថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។​ មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។ សម្តេចតេជោ មានប្រសាសន៍បន្តថា ទីតាំងនេះពីមុនស្ថិតនៅលើទឹកដីខេត្តកណ្តាល ដូច្នេះគឺមិនត្រូវតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិនោះឡើយ អាស្រ័យហេតុនេះ សម្តេចក៏បានសម្រេចចុះហត្ថលេខាកាត់យកដីនេះចូលក្នុងរាជធានីភ្នំពេញ តែពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។សម្តេចបានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។ សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម។


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។ ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងទ័ពរំដោះវៀតណាម ដែលបានរួមចំណែកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជា និងថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនពលរដ្ឋកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។ 


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសុន្ទរកថារបស់សម្តេចពេលចរចារកសន្តិភាព សម្តេចបានចង្អុលថា កន្លែងស័ក្តិសមសម្រាប់ខ្មែរក្រហម គឺសាលាយុត្តិធម៌ មិនមែនក្រុមប្រឹក្សាជាតិ SNC នោះទេ។សម្តេចតេជោ បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។សម្តេចតេជោបានដាក់ជាសំណួរថា បើខ្មែរក្រហមចូលរួមបោះឆ្នោត មានគណបក្សនយោបាយ មានអាសនៈក្នុងសភា តើនរណាហ៊ានកាត់ទោសខ្មែរក្រហម? គួរតែអរគុណ ប៉ុល ពត ដែលដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដកខ្លួនពីការបោះឆ្នោត ផ្តល់លទ្ធភាពនៃការកាត់ទោសមេខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា នៅលើពិភពលោកនេះ មិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត។


សម្តេចតេជោបានមានប្រសាសន៍រំលឹកថា សម្តេចបានបញ្ជាយន្តហោះទៅដឹកមេដឹកនាំខ្មែរក្រហមមកផ្ទះសម្តេចដោយផ្ទាល់ ហើយរូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺបានផ្ញើសារទៅពលរដ្ឋថាសង្គ្រាមបានបញ្ចប់  ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ថាមេដឹកនាំបានចុះចូលអស់ហើយ និងផ្ញើសារទៅអន្តរជាតិថា អាចមកលេងកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមទៀតហើយ។


សម្តេចបានថ្លែងថា ពេលមេដឹកនាំខ្មែរក្រហមមកផ្ទះសម្តេច អន្តរជាតិគេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ ខ្មែរក្រហមដើរលើកម្រាលព្រំក្រហមទៅប្រជុំស្ទើរគ្រប់ប្រទេស។


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តន៍វប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារនោះទេ។ សុខសន្តិភាពនៅកម្ពុជា មានជាង ២៥ឆ្នាំហើយ ហើយសុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញសុខសន្តិភាពនោះឡើយ។ ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យពូជសាសន៍នោះឡើយ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តពណ៌តែម្តង ដូច្នេះបើឃើញបដិវត្តពណ៌ត្រូវតែកម្ចាត់វា។ សម្តេចបានប្រាប់កងកម្លាំងថា បក្សនយោបាយដែលចង់ធ្វើបដិវត្តពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស។សម្តេចបានថ្លែងថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចកាន់តួនាទីនាយករដ្ឋមន្ត្រីបានពីរអាណត្តិទៀត ប៉ុន្តែការលះបង់អំណាចរបស់សម្ដេចគឺដើម្បីសន្តិភាព ស្ថេរភាពយូរអង្វែង គឺជារឿងដែលត្រូវតែធ្វើ។ សម្តេចបានលះបង់ច្រើនហើយដើម្បីជាតិ និងប្រជាជន ដូច្នេះសម្តេចមិនខ្លាចនឹងលះបង់អំណាច ដើម្បីសុខសន្តិភាព និងស្ថេរភាពយូរអង្វែងនោះឡើយ។ ពេលនេះការលះបង់អំណាចរបស់សម្តេចបានហុចផលហើយ គឺការផ្ទេរអំណាចមិនបាននាំមកនូវការភ័យខ្លាច និងការគ្រប់គ្រងអតិផរណាបានល្អ សេដ្ឋកិច្ចដំណើរការទៅមុខ និងរក្សាបាននូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត។ សម្តេចតេជោបានថ្លែងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ​ និងការរក្សាសុខសន្តិភាព។ សម្តេចតេជោ បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។ 


សម្តេចបានរំលឹកថា  រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា ដែលកំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរ​ក្រហម​ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម ដូច្នេះសុំកុំសាងកំហុសលើកទី៣លើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ។ 


ជាមួយនឹងការប្រកាសបិទនូវសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើន យូរអង្វែងតទៅមុខទៀត៕





 

No comments:

Post a Comment

Pages