ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវ ចុះពិនិត្យប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យប្រឡាយនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។
ដាក់លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសិក្សាឱ្យបានលម្អិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញឱ្យអាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលក្នុងឡាយ ដោយសូមឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕
No comments:
Post a Comment