កោះកុង ៖ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកោះកុង។
ក្នុងនាម លោកជំទាវអភិបាលខេត្ត ជាគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារកសាងផែនការខេត្ត ដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តនាពេលថ្ងៃនេះ ដើម្បីសូមការពិនិត្យ និងផ្តល់យោយល់។លោកជំទាវបានជម្រាបជូន ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំ ទាំងមូលមេត្តាជ្រាបថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍខេត្ត ក្រុមប្រឹក្សាខេត្តបានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានក្នុង រយៈពេល៥ឆ្នាំ នៃអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់វិស័យជំនាញ។
សេចក្តីព្រាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ជាសមិទ្ធិផលដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ខេត្ត នឹងត្រូវបានអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានា។ វិធីសាស្ត្រនៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវបានអនុវត្តតាមប្រកាសអន្តរក្រសួងរវាង ក្រសួងមហាផ្ទៃនិងក្រសួងផែនការ និងប្រតិទិនការងារ ដែលត្រូវបានអនុម័ត ដោយរបស់ក្រុមប្រឹក្សាខេត្តកោះកុង នារយៈពេលកន្លងមក។
ផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់ខេត្តកោះកុង ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ នៃមាតិកា ស្របតាមសេចក្តីណែនាំបច្ចេកទេសនៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ដែលបានលើកឡើងនូវខ្លឹមសារសំខាន់ៗ រំលេច ឡើងក្នុងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និង ថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។ក្នុងន័យនេះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសនេះ សូមឱ្យ សមាជិក សមាជិកា នៃកិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហា ប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
លោកជំទាវសង្ឃឹមថា លទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ សម្រាប់ការអភិវឌ្ឍន៍ខេត្តឆ្នាំនេះ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាក់ស្តែងជាអាទិភាព របស់ ប្រជាជនទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក និងការគាំទ្រពីមន្ទីរវិស័យ អង្គការជាតិ និង អន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
No comments:
Post a Comment