ខេត្តក្រចេះ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ នៅសាលប្រជុំកាំពី។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកស្រីនាយិការទីចាត់ការគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យ និងមន្ត្រីចំណុះទីចាត់ការសាលាខេត្ត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានរាយការណ៍អំពីសកម្មភាពរបស់រដ្ឋបាលខេត្ត ព្រមទាំងការចូលរួមឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ផ្សេងៗសម្រាប់ជួយគាំទ្រដល់កងទ័ពជួរមុខ របស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងក្នុងនាមជាអ្នកសមរភូមិក្រោយ។
ឯកឧត្តម បន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការបង្ហោះវីដេអូ ដែលនាំឱ្យសាធារណជនយល់ច្រឡំថាពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា ថៃ។ ដូចនេះសូមណែនាំដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម កុំយល់ច្រឡំ នេះជាព័ត៌មានក្លែងក្លាយ ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត និងក្រុងស្រុក។ ម៉្យាងទៀតត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងក្តាប់ឱ្យបានលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងមូលដ្ឋាន ដើមី្បភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
No comments:
Post a Comment