ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 25, 2025

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖  នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧ​ត្តម ចាន់ រតនា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបា​លខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកា​រនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងគណៈប្រតិភូអមដំណើរ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានវត្តមានចូលរួមរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់

ជាច្រេីនរូបទៀត ។ 

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឡើងអានរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយតាមរយៈរបាយការណ៍នេះ បានបង្ហាញថាកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជារួមមានភាពប្រក្រតីល្អប្រសើរ ។

ទន្ទឹមគ្នានោះផងដែរ ឯកឧ​ត្តម ចាន់ រតនា អភិបាលរងខេត្តបានឡើងមានប្រសាសន៍សំណេះសំណាលនិងបានថ្លែង អំពីកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជា​ពលរដ្ឋក៏ដូចជាសន្តិសុខ​ជាតិជាពិសេសកិ​ច្ច​ពង្រឹងកងកម្លាំងត្រៀមទប់ទល់នូវសភាពការណ៍ ដែលកំពុងតែប្រឈមនាពេលបច្ចុប្បន្ននេះ ក្នុងនោះឯកឧត្តម អភិបាលរងខេត្ត បានអានរបាយ​ការណ៍សង្ខេប អំពីស​ភាព​ការណ៍ ក្នុងភូមិ​សាស្ត្រខេត្តមណ្ឌលគិរី និងការរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់ជូនប្រជាពលរដ្ឋប្រកបដោយលទ្ធផលល្អប្រសេីរ ។ 

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបានថ្លែងទៅកាន់អង្គប្រជុំស្តីពីស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវ៉ៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បាន ផ្តល់ប្រសាសន៍បន្ថែមថា ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំកម្លាំងឱ្យបានត្រឹមត្រូវក៏ដូចជាសម្ភារ អាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរជូនដល់កងកម្លាំងយើង។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំង ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី








 

No comments:

Post a Comment

Pages