ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាបចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពកុមារចំនួន០៣រូប ដែលម្តាយស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, August 2, 2019

ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាបចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពកុមារចំនួន០៣រូប ដែលម្តាយស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ

 ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានដឹកនាំក្រុមការងាររួមមានមន្ទីរកិច្ចការនារី មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្រុមការងាររដ្ឋបាលរដ្ឋបាលឃុំកន្ទួត និងរដ្ឋបាលស្រុកស្វាយលើ សាខាកាកបាទក្រហមស្រុក ក្រុមការងារអង្គការលីកាដូ អង្គការ Friend International (កម្មវិធីកល្យាណមិត្ត) និងអង្គការជីវិតនៅកម្ពុជា បានចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពកុមារចំនួន០៣រូប ដែលម្តាយស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ (ម្តាយត្រូវបាន ឳពុកកាប់ស្លាប់) កាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៩ នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ។

គួររំលឹកដែរថា ករណីអំពើហិង្សាក្នុងគ្រួសារដែលបង្ករឲ្យបាត់បង់អាយុជីវិត ស្រ្តីឈ្មោះ ដួង សាវ៉ៃ អាយុ៣៤ឆ្នាំ នេះ ជនល្មើសជាប្តី ឈ្មោះអឿន ភក អាយុ៣៦ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ដោយបានបន្សល់ទុកទៅកូនប្រុសចំនួន០៣នាក់ រួមមាន កូនទី១ អាយុ ១៤ឆ្នាំ កូនទី២ អាយុ១៣ឆ្នាំ និងកូនទី៣ អាយុ០៣ឆ្នាំ។ បច្ចុប្បន្នកុមារកូនទី៣បានកំពុងរស់នៅជាមួយជីដូន នៅឃុំរំចេក ស្រុកបន្ទាយស្រី ចំណែកកូនទី១ និងទី២ បានកំពុងរស់នៅផ្ទះ ដែលកើតហេតុ (ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ) ដើម្បីស៊ីជួលធ្វើជាកម្មករ ដើម្បីរកប្រាក់ដោះបំណុល ដែលឪពុកម្តាយជំពាក់ធនាគារ និងអ្នកភូមិមួយចំនួនទៀត។

ផ្អែកតាមការពិនិត្យរបស់ក្រុមការងារ ឃើញថាកុមារទាំងពីរខាងលើប្រឈមនឹងភាពងាយរងគ្រោះ ដោយការធ្វើចំណាកស្រុក ការប្រើប្រាស់គ្រឿងញៀន និងការធ្វើការងារមួយចំនួនក្នុងមូលដ្ឋានប្រឈមនឹងមុខច្បាប់។ លោកស្រីប្រធាន បានស្នើឲ្យអាជ្ញាធរឃុំ និងស្រុកពិនិត្យលទ្ធភាព ក្នុងការជួបពិភាក្សាជាធនាគារ និងម្ចាស់បំណុល ក្នុងការលុបចោលបំណុល (ចំពោះម្ចាស់បំណុលជាអ្នកភូមិជាមួយគ្នា) និងការលុបចោលការប្រាក់ ឬ ក្នុងលក្ខខ័ណ្ឌណាមួយជាមួយធនាគារ ដើម្បីជួយដោះស្រាយដល់កុមារទាំងពីរក្នុងការសងបំណុល    ពិព្រោះកុមារទាំងពីរពុំមានលទ្ធភាពក្នុងដោះបំណុលតាមការកំណត់របស់ធនាគារបានឡើយ។  បន្ថែមពីនោះលោកស្រីប្រធាន បានស្នើដល់អង្គការ Friend International (កម្មវិធីកល្យាណមិត្ត) ផ្តល់ជាជំនាញវិជ្ជាជីវៈជូនដល់កុមារ (ពីព្រោះកុមារទាំងពីរបានឈប់រៀនជាច្រើនឆ្នាំមកហើយ) និងនៅពេលរៀនចប់ជួយរកការងារឲ្យធ្វើ ឬ បើកជាមុខរបរខ្នាតតូចនៅក្នុងមូលដ្ឋានទៅតាមជំនាញរបស់ពួកគាត់ ហើយកុមារទាំងពីរនាក់បងប្អូនបានយល់ព្រមទទួលរៀនជំនាញវិជ្ជាជីវៈពីអង្គការ Friend International (កម្មវិធីកល្យាណមិត្ត) នៅក្នុងក្រុងសៀមរាប ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីអង្គការផងដែរ។

នៅក្នុងឱកាសនោះ ក្រុមការការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល សាខាកាកបាទក្រហមស្រុក ថវិកាចំនួន ៥ម៉ឺនរៀល និងសម្ភារមានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភូយ និងក្រម៉ា ក្រុមការងាររដ្ឋបាលឃុំ ថវិកាចំនួន២២ម៉ឺនរៀល ថវិកាមូលនិធិរបស់ប្រជាពលរដ្ឋបានចំនួន ២៦ម៉ឺន៥ពាន់រៀល និងអង្គការលីកាដូ ជួយជាសម្ភាររួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ប្រេងឆា អំបិល ប៊ីចេង ផងដែរ ហើយសរុបជាថវិកា បានចំនួន ៩៣ម៉ឺន ៥ពាន់រៀល។



No comments:

Post a Comment

Pages