ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំមន្ទីរផែន​ការ​ខេត្ត បានបើកកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈ​កម្មា​ធិ​ការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីបំនិយោគ​បីឆ្នាំរំកិលខេត្ត(២០២០ ២០២២) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម  ។ កិច្ចប្រជុំនេះ ក៏មានការ​អញ្ជើញ​ចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងអភិបាល ក្រុង ស្រុក ព្រមទាំង តំណាងអង្គការ​សង្គម​ស៊ីវិល និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណជា ១១៨នាក់ ផងដែរ។ ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា  បានចាត់​ទុកថា ថ្ងៃនេះ ក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្ត បានអញ្ជើញ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក​គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បី ប្រជុំ​ពិគ្រោះ​យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល​(២០២០-២០២២) និងត្រួតពិនិត្យមើលលើការពិពណ៌នា អំពីស្ថានភាពបច្ចុប្បន្ន របស់រដ្ឋបាលខេត្ត និងវាយតម្លៃ តាម​បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគ​បីឆ្នាំរំកិល(២០២០-២០២២) ឲ្យស្របតាមផែនការអភិវឌ្ឍន៍​រយៈពេល ៥ឆ្នាំ (២០២០-២០២៥) ឲ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ផងដែរចំពោះ ការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាង​សកម្ម​ក្នុង​ដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ​ឃុំ/សង្កាត់ ក្រុង/ស្រុក ហើយគាំទ្រគម្រោង ទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ខាងមុខ ។

ជាក់ស្តែង លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន ២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន ២. ៣២៧គម្រោង អង្គការសង្គមស៊ីវិល​គាំទ្រ បានចំនួន ៣២៩គម្រោង និងសប្បុរសជនចំនួន ០១គម្រោង ។ ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន ២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លាន​រៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវ​អនុវត្តក្នុងឆ្នាំ២០២០ ។ ទន្ទឹមនឹងនោះ គម្រោងទាំងនេះ ពិតជា​ស្ដែង​ឡើង​នូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការ​ចំណាក​ស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការ​អភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់ ។

ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្ដល់នូវចំណាប់អារម្មណ៍មួយចំនួន​ដែលពាក់ព័ន្ធទៅនឹងការងារ និងទិសដៅដំណើរការ កសាងកម្មវិធី​វិនិយោគបីឆ្នាំរំកិល(២០២០-២០២២) សម្រាប់អនុវត្តនៅឆ្នាំ២០២០ ដោយសូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជម្រុញការ​អនុវត្ត​គម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ ដោយធ្វើការ​សហការ​ជា​មួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។ ត្រូវប្រើប្រាស់​ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ​តាមរយៈ ក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជា​រៀងរាល់ឆ្នាំ ធ្វើ​យ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ត្រូវរៀបការ​ងារ​កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២)នេះ ឲ្យឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៤ អាណត្តិទី៦ របស់រដ្ឋសភា និងគោល​នយោបាយ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យ៉ាងពិតប្រាកដ ។ ក្រៅពីនោះ ក្រុមការងារកសាងផែនការខេត្ត ត្រូវយកឯកសារ​ទាំងនេះ​​ទៅកែតម្រូវពាក្យពេជន៍បន្ថែម  ដើម្បី ដាក់ជូនក្រុមប្រឹក្សា​ខេត្តអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់ ៕