ប្រទេសចិន ៖​ ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋប្រជាមានិតចិន។

នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តម នាយឧត្តម សេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រសួងសន្តិសុខសាធារណៈចិន និងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនចិន ។ ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈ រដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងពេលកន្លងមកលើគ្រប់វិស័យ​ រួមមានវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ 

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឺមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ ក៏បានជម្រាបជូនភាគីមិត្តពីសភាពការណ៍គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារត្រួតពិនិត្យគ្រឿងញៀន ដោយផ្តោតលើយន្តការពហុវិស័យទាំងផ្នែកអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមគាំទ្រពីគ្រប់វិស័យ និងបានស្នើសុំការគាំទ្រពីភាគីចិន នូវការគាំទ្រផ្នែក​សម្ភារ បច្ចេកទេស ការអប់រំផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្រី្ត អនុវត្តច្បាប់ និងការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ក្នុងឱកាសនោះដែរ​ ជាការឆ្លេីយតបភាគីចិន បានសម្តែងនូវការកោតសរសើរលើចំណងមិត្តភាពកម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានធ្វើឲ្យប្រទេសយេីងទាំងពីរក្លាយជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ ព្រមទាំងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។

ជាមួយគ្នានេះ​ ភាគីចិនក៏ស្នើឲ្យមានកិច្ចសហប្រតិបត្តិការរួមលើការងារត្រួតពិនិត្យគ្រឿងញៀន និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន​នេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានទស្សនកិច្ចទៅខេត្តយូណាន ដែលក្នុងនោះគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្តយូណាន និងបានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលប្រមូលព័ត៌មានគ្រឿងញៀនខេត្តយូណាន ដែលជាមជ្ឈមណ្ឌលមួយបម្រើសេវាព័ត៌មានគ្រឿងញៀន សម្រាប់ខេត្តយូណាន និងប្រទេសក្នុងតំបន់ និងបានចុះទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លេីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តយូណាន​និងសាលាបណ្ឌិតសភានគរបាលខេត្តយូណាន​ និងបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តយូណាន ដើម្បីផ្លាស់ប្តូរព័ត៌មាន​ ពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន និងជម្រុញកិច្ចសហប្រតិបត្តិការងារសេដ្ឋកិច្ចរវាងកម្ពុជាជាមួុយខេត្តយូណាន ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តសម្ព័ន្ធមេត្រីខេត្តយូណាន ចិន​ និងខេត្តបន្ទាយមានជ័យ កម្ពុជា​ ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌។