ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ។

ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមម្ពុជា ខេត្តសៀមរាបបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ សប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ថវិកាដែលបានទទួលមាន៖
១- មន្ត្រីរាជការ សាខាពន្ធដារខេត្តសៀមរាប ចំនួន ១០,០០០,០០០(ដប់លាន)រៀល
២- មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប ចំនួន ៣,១៩៥,០០០(បីលានមួយសែនប្រាំបួនម៉ឺនប្រាំពាន់)រៀល និង ៣,១៥០(បីពាន់មួយរយហាសិប)ដុល្លារអារមេរិក។
៣- លោក ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា ចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក។
៤- ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងលោកជំទាវ ង៉ោ វ៉ាឡាប ចំនួន ២,០០០(ពីរពាន់)ដុល្លារអាមេរិក៕