ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងអភិបាលរងខេត្តថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខលើកទឹកចិត្ត ជាមួយគ្រូពេទ្យ និងអតីតអតីតយុទ្ធជនព្រមទាំងគ្រួសារដែលត្រូវមកទទួល ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែបាននឹកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មិនដែលបំភ្លេចពេលណាឡើយ។ ដោយផ្អែកលើគុណបំណាច់ដែលមិនអាចបំភ្លេចបាននេះហើយ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូលបានកំពុងរងការយាយីដោយ ជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវមិនទាន់មានថ្នាំព្យាបាលនៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកជំនួយ និងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាក់ស្ដែងថ្ងៃនេះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រាប់ផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃផងដែរ។
ដោយឡែកក្នុងថ្ងៃនេះសម្រាប់នៅទូទាំងខេត្តកំពត ដែលរៀបចំដោយរដ្ឋបាលខេត្ត មានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលការចាក់វ៉ាក់សាំងកូវីត១៩នេះ សរុបមានចំនួន៤.៣១២នាក់ ក្នុងនោះស្រីមានចំនួន១.៥៩២នាក់ ផ្អែកតាមគម្រោងកម្មវិធី នៃយុទ្ធនាការ នេះមានរយៈពេលបីថ្ងៃដោយ អនុវត្តនៅតាមបណ្ដាក្រុង ស្រុកទាំង៨ ក្នុងខេត្ត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងសូមឲ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារ មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដោយឥតគិតថ្លៃ ក្នុងគោលដៅដើម្បីយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍នៃខេត្តកំពត។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកំពត ទាំងជំហានទី១ និងជំហានទី២ ជូនដល់កងកម្លាំង មន្ត្រីរាជការ ជួរមុខ និងមុខព្រួញអាទិភាពរបស់ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មានចំនួន សរុប១៥.៨៦៦នាក់ ហើយក្នុងនោះមាន ស្រីចំនួន៦.១៨៣នាក់៕
No comments:
Post a Comment