ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅដែនសហគមន៍សសរស្តម្ភ ស្ថិតនៅ ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងារទទួលមុខព្រួញរៀបចំដាំកូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ដែលដាំដុះស្តារឡើងវិញ ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម លាង មុន្នីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ ទទួលបន្ទុកស្រុកពួក ដោយមានការអញ្ជើញចូលរួម ក្រុមប្រឹក្សាស្រុក គណះអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ ភូមិ សហគមន៍នេសាទ ក្រុមយុវជន ស.ស.យ.ក ស្រុក និងសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ផងដែរ។ 


លោកអភិបាលរងខេត្ត បានលើកឡើងថា ការដាំស្តារព្រៃលិចទឹកឡើងវិញនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ លើតំបន់នេះដែលមានសភាពរិចរឹល ឬក៏បាត់បង់ព្រៃនាពេលកន្លងមក។ 


លោក អភិបាលរងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អោយជួយថែរក្សារ ការដាំស្តាកូនឈើប្រភេទព្រៃឈើលិចទឹកនេះ អោយលូតលាស់បានល្អ សំរាប់ជាប្រយោជន៍រួមទៅអនាគត។ម្យ៉ាងទៀត ការដាំកូនឈើទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវៈចម្រុះ និងត្រីដែលត្រូវការនូវជំរកសម្រាប់ពងកូន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ដើម្បីទុកជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយ៕