នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទែ បានអញ្ជើញចូលរួមជូនដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមជូនដំណើរពី សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម-លោកជំទាវ ប្រតិភូជាន់ខ្ពស់ អភិបាលរាជធានីភ្នំពេញ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាល និងឥស្សរជននយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិជាច្រើនរូប សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤នេះ ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព។
ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។
លើសពីនេះទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលជួបការសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជនជប៉ុនមួយចំនួនផងដែរ៕
No comments:
Post a Comment