លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោក សិក្ខា មេត្តា Shekhar Mehta ប្រធានអង្គការរ៉ូតែរីអន្តរជាតិ Rotary International និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ 


ក្នុងជំនួបពិភាក្សានោះ លោក សិក្ខា មេត្តា បានលើកឡើងថា អង្គការរ៉ូតែរីអន្តរជាតិ ជាបណ្តាញសកលលោកមួយ ដែលបានបង្កើតឡើងនៅទីក្រុងឈីកាហ្គូ កាលពីឆ្នាំ ១៩០៥ (អាយុ ១១៧ឆ្នាំ) មានសមាជិក ១.៤លាននាក់ រួមមាន ឥស្សរជន មន្ត្រី ថ្នាក់ដឹកនាំក្រុមហ៊ុន នៅបណ្តាប្រទេសជាច្រើន។ អង្គការបានរ៉ៃអង្គាសថវិកា ជាមូលនិធិជួយដល់គម្រោងជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមមាន គម្រោងអភិវឌ្ឍប្រកបដោយនិរន្តរភាព មនុស្សធម៌ សុខាភិបាល សុខភាព អប់រំ និងជំនួយបន្ទាន់ ។ ចំណែកឯប្រទេសកម្ពុជា រ៉ូតែរីក្លឹប ក៏ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ។ លោក សិក្ខា មេត្តា ក៏មានគោលបំណងជួយដល់កម្ពុជា ក្នុងគម្រោងជាច្រើន ដូចជា វះកាត់បេះដូងជូនកុមារដោយឥតគិតថ្លៃនៅប្រទេសឥណ្ឌាចំនួន ៥០នាក់ ក្នុងមួយឆ្នាំៗ នឹងបង្កើតមន្ទីរពេទ្យព្យាបាលភ្នែក តាមដានជំងឺមហារីកជូនស្ត្រី ជម្រុញកម្មវិធីទឹកស្អាត និងបណ្តុះបណ្តាលស្រ្តី ជាដើម ។ល។ 


ជាការឆ្លើយតប ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវមានសេចក្តីរីករាយ សូមស្វាគមន៍ លោក សិក្ខា មេត្តា និងគណៈប្រតិភូ ដែលបានមកបំពេញស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា និងឆ្លៀតពេលមកជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ។ លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍សង្គមស៊ីវិល និងអង្គការអន្តរជាតិនានាដែលមានបំណងជួយដល់ប្រជាពលរដ្ឋកម្ពុជា។ ជំនួយរបស់អង្គការទាំងអស់ពិតជាបានរួមចំណែក អភិវឌ្ឍ និងជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលដែលកំពុងកសាងប្រទេសជាតិ លើមុខព្រួញអាទិភាពជាច្រើន។


លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោក សិក្ខា មេត្តា និងគណៈប្រតិភូ ដែលបានមកបំពេញស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមការស្នាក់នៅ និងការនិវត្តន៍ត្រលប់ទៅមាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព ៕