នាព្រឹកថ្ងៃព្រហស្បតិ៍១៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្សបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២ របស់ គ.ខ.ប.ជ។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារង លោក លោកស្រី ឧត្តមសេណីយ៍ វរសេណីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោក លោកស្រីអភិបាលរងក្រុង-ស្រុក តំណាងអង្គការដៃគូពាក់ព័ន្ធ ក្រុមការងារទាំង៦ និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស បានថ្លែងនូវការអរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះឡើងនៅថ្ងៃនេះ ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា បានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បីឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀតសម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ។ ទន្ទឹមនេះ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារ នេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត មាន ជំនឿ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត ។
No comments:
Post a Comment